ការចិញ្ចឹមជ្រូកតាមផ្ទះ
ទិសដៅនៃការចិញ្ចឹមតាមផ្ទះ
- ដើម្បីប្រើប្រាស់ឲ្យអស់នូវសំណល់ពីផ្ទះបាយ និងសំណល់ពួករុក្ខជាតិ ។
- ការយកជីលាមក និងទឹកនោមវាប្រើ
- ដាច់ខាតមិនយកអ្វីដែលមនុស្សស៊ីបានទៅឲ្យជ្រូកស៊ីទេ ព្រោះបើធ្វើរបៀបនេះការចិញ្ចឹម នឹងគ្មានចំណេញឡើយ ។
ការជ្រើសរើសពូជ
- ការចិញ្ចឹមដែលប្រើប្រាស់ពេលភ្ជុំ ត្រូវរកពូជខ្លាញ់ច្រើន ។
- ការចិញ្ចឹមដែលប្រើប្រាស់ក្រៅថ្ងៃភ្ជុំ ត្រូវរកពូជសាច់ច្រើន ។
- បើប្រុងចិញ្ចឹមមេត្រូវរើសដោះពី ១២ឡើង បើយកសាច់ត្រូវចិញ្ចឹមឈ្មោល ។
សុខភាពកូន
- រើសកូនថ្លោស ដល់អាយុផ្ដាច់ដោះចេះស៊ីស្រួលបួល ហើយជាប្រភេទល្មោភស៊ីផង ទើបឆាប់ធំ ។
- ជៀសវាងកុំយកកូនជ្រូកសំគម បាក់ទឹកដោះមកចិញ្ចឹម ។
- កុំយកកូនជ្រូកទុយមុយ ស្លេកចុងច្រមុះ ព្រោះជាពូជឈឺ ។
ទ្រុង
- ប្រើប្រភេទឈើអារ ឬឈើមូល ត្រូវដំសំបកចេញ ព្រោះក្រែងជាជំរកខ្ទួយ ។
- ប្រើក្ដារក្រាលទុកប្រហោងប៉ុនម្រាមដៃ ហើយកន្លែងជុះ ទុកប្រហោង៣ធ្នាប់ ។
- ឈើបាំងទ្រុងត្រូវកុំឲ្យរន្ធធំ ដែលជ្រូកលូកច្រមុះចូលបាន ព្រោះនាំឲ្យវាគាស់ទ្រុងបានងាយ ។
- សង់ខ្ពស់ផុងពីដី ប្រក់ជិត មានពន្លឺចាំងចូល មានខ្យល់បក់កាត់ ទើបជ្រូកពុំសូវឈឺ ។ ទ្រុងជ្រូក១ក្បាលយក ទទឹង ០.៨០ ម៉ែត្រ បណ្ដោយ២ម៉ែត្រ បណ្ដោយ២ម៉ែត្រ បើជ្រូក២ក្បាល យក ១.៣០ ម/ ២ម ។
- ទ្រុងចង្អៀតដើម្បីកុំឲ្យវាធ្វើចលនាពេក នាំឲ្យអស់កំលាំង ដែលធ្វើឲ្យវាឡើងទំងន់យឺត ។
- សំអាតជានិច្ច កុំឲ្យវាដេកកិនបែកលាមកប្រឡាក់ពេញខ្លួន ។
យកអាចម៍ និងទឹកនោម
- អាចម៍និងទឹកនោមអាចធ្វើជាជីដាក់ដំណាំបាន ។ បើសិនណាជាយើងមិនយកជីពីជ្រូកប្រើនោះ យើងត្រូវបាត់បង់ធំណាស់ ។ ជីពីជ្រូក ១ក្បាល ឬ ២ក្បាល តំលៃប៉ុណ្ណានោះ យើងពុំអាចដឹងបានមុនទេ ។ លុះត្រាតែដល់ពេលប្រើលើដំណាំ ហើយដំណាំនោះឲ្យផលល្អលើសផ្នែកដែលមិនដាក់ គឺភាពខុសគ្នានេះជាតំលៃរបស់ជី ។
- យកចំបើង ឬសំរាមដាក់ត្រងចំទីដែលវាធ្លាប់ជុះនោមពីលើ និងឧស្សាហ៍ប្រមូលទាំងអាចម៍ទាំងសំរាម ដែលជប់ទឹកនោមរៀងរាល់ ថ្ងៃ ។ ព្រោះបើទុកចោលយូរ ត្រូវមាន់កកាយខ្ចាត់ខ្ចាយអស់ ។
របៀបឲ្យចំណី
គ្រាដំបូងដែលទើបយកមក ទោះវាស៊ីខ្លាំងក្ដី ក៏ត្រូវឲ្យថែមនូវទឹកបាយ ឬបបរលាយស្ករតិចៗ ១ថ្ងៃ ៣ដងសិន ក្នុងរយៈពេល១ខែ សំរាប់ជាជំនួយដើម្បីកុំឲ្យវាបាក់ ។ ព្រោះកូនជ្រូកពេលដែលយកចេញពីមេភ្លាមច្រើនមានបញ្ហានេះឯង ដោយកាលនៅជាមួយមេ ទោះស៊ីច្រើនក្ដីក៏វានៅបានបៅដោះខ្លះទៀតដែរ ។ កាលណាវាស៊ីពេញបន្ទុកហើយ ត្រូវឲ្យចំណីតាមកម្មវិធីទៀងទាត់ និងញឹក ។ គឺកុំឲ្យវាឃ្លានទាន់ដោយហេតុថា ការដែលយើងចិញ្ចឹមគឺចង់បានសាច់ច្រើន ។ បើទុកឲ្យវាឃ្លានខ្លាញ់របស់វានឹងស្រកភ្លាម ដើម្បីទៅទ្រទង់កំលាំងវា ឯសាច់ឈាមក៏ទ្រឹងមិនលូតលាស់រហ័សដែរ ។ ដូច្នោះការដែលទុកឲ្យវាឃ្លាន ការចិញ្ចឹមនឹងអូសបន្លាយពេល វែងក្របានបញ្ចេញ ។
- ម៉ោង៦កន្លះព្រឹក ឬគ្រាន់តែភ្លឺច្បាស់ត្រូវឲ្យអាហារទឹក គឺយកទឹកលាងចានពីល្ងាច លាយកន្ទក់់ ១ទូកដៃ ទៅ១ត្រឡោក តាមជ្រូកតូច ឬធំ ។ ចំនួនទឹកលាងចានកំណត់យកតាមបរិមាណដែលជ្រូកស៊ីអស់ គឺបើវានៅតូច ស៊ីតិចត្រូវបំបែកកាកខ្លះឲ្យទៅមាន់ទា ឯទឹក១ចំណែកឲ្យជ្រូក ។
- ម៉ោង ១០កន្លះ ឲ្យអាហារកាក គឺបុកដើមចេកលាយកន្ទក់ដាក់អំបិលតិចៗ កុំលាយទឹកទើបវាស៊ីល្អ ចាំស៊ីរួចស៊ឹមចាក់ទឹកដាក់ស្នូកឲ្យ វា ។
- ម៉ោង ១៤ គឺ២រសៀល ជះទឹកងូតវា នឹងសំអាតទ្រុង ។ ឲ្យទងដំឡូងជ្វា ឬត្រកួន ឬដៃឃ្លោកមិនបានការ ៤-៥ទង ក្នុងជ្រូក១ក្បាល ឬឲ្យត្រួយដំឡូងមី ។ កាលបើស៊ីពួកត្រួយបៃតងអស់ យើងដាក់អាហារទឹកដូចកាលពីព្រលឹមទៀត គឺប្រើទឹកលាងចានលាងពីថ្ងៃត្រង់ ។
- ម៉ោង១៧ ឲ្យអាហារកាកដូចកាលពីម៉ោង១០កន្លះម្ដងទៀត ។ ជៀសវាងការឲ្យចំណីមិនស្មើខាងចំងាញ់ គឺជួនកាលសល់សម្លកន្លះ ឆ្នាំងដាក់ឲ្យជ្រូកទាំងអស់ លុះវាធ្លាប់មាត់ស៊ីឆ្ងាញ់ទៅហើយតែពេលគ្មានសម្ល វាស៊ីមិនកើត យើងថាវាស៊ីរើស ។
ការឲ្យទឹកផឹក និងងូតទឹក
- ក្រោយពេលស៊ី ត្រូវចាក់ទឹកក្នុងស្នូកទុកឲ្យវាផឹកតាមត្រូវការ ។
- ឧស្សាហ៍ជះទឹកងូត នឹងឲ្យជោកសើមទ្រុង ព្រោះជ្រូកត្រូវការត្រជាក់ បើពេលណាក្ដៅ ត្រូវជះទឹកងូតវាឲ្យញយ ។
ប្រយ័ត្នខ្ទួយ
- ជ្រូកចាញ់ពិសខ្ទួយនិងក្អែបណាស់ គឺកាលណាក្អែបខាំ ឬខ្ទួយទិចវានឹងងាប់ ។ ដូច្នោះសូមប្រយ័ត្នកុំឲ្យដាក់អ្វីជិតទ្រុងដែលនាំឲ្យមិន ស្រឡះ អាចឲ្យខ្ទួយក្អែបជ្រកបាន ។
វិធីការពារ
- បើពេទ្យសត្វមានថ្នាំចាក់ការពារជម្ងឺឆ្លងក៏ចាក់ខ្លះទៅ ។
- ប៉ុន្តែអនាម័យ និងការឲ្យចំណី ត្រឹមត្រូវ ជាគោលការណ៍ដែលត្រូវប្រកាន់ខ្ជាប់ខ្ជួនបំផុត។
- បើជ្រូកឈឺគួរតែបញ្ចេញកុំព្យាបាល ។
ទស្សនៈចាស់យល់ថា ការចិញ្ចឹមជ្រូកទុកដូចជាការសន្សំប្រាក់ ប្រហែលជាខុសច្រើន ។ ជាញឹកញាប់គេពុំបានទទួលចំណូលវិញឲ្យ ស្មើនឹងលុយទិញចំណីឲ្យជ្រូកទេ ។ បើកំណត់ទិសថា ចិញ្ចឹមជ្រូកហាក់រវល់ច្រើនជាងមាន់ទាឆ្ងាយណាស់ ។ បើសិនណាជាការងារ ក្នុងកសិដ្ឋានយើងមានច្រើន រីឯអាហារសំណល់ប្រុងឲ្យជ្រូកអាចបំបែកទៅឲ្យត្រី មាន់ទាបាន ក៏ជាការប្រសើរដែរ ព្រោះត្រីទៀតតែ បានជាង រីឯមាន់ទា យើងមិនជំពាក់ខ្លាំងជាមួយវា ៕
ប្រពភដើមោះhttp://www.rasmeinews.com/knowledge/MWJkMTM5YW/36
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.